
សណ្ដែកបណ្ដុះ ជាបន្លែដែលអ្នកផ្ទះខ្ញុំត្រូវការបរិភោគជាញឹកញាប់។ ប៉ុន្តែសណ្ដែកបណ្ដុះលក់នៅតាមផ្សារ កំររកបានសណ្ដែកដែលអត់ដាក់ ថ្នាំស ណាស់ ហើយបើរកបានអាអត់ដាក់ថ្នាំស ក៏ប៉ះតែសណ្ដែកដែលគេប្រើជីអ៊ុយរ៉េ អោយវាធំថ្លោសដែរ។ មនុស្សយើងម្នាក់ៗ ប្រឹងរកស៊ី ដើម្បីក្រពះ ដើម្បីរស់ ចុះបើរកបានហើយទៅទិញតែរបស់ដែលហូបទៅប៉ះពាល់សុខភាព មិនដឹងជាប្រឹងរកធ្វើអី? ខ្ញុំធ្លាប់បានឮ ពីមាត់អ្នកបណ្ដុះសណ្ដែកលក់ផ្ទាល់តែម្ដងថា” បើមិនដាក់ថ្នាំសបន្តិចទេ វាអត់ស្អាតគេមិនទិញទេ”
យ៉ាហ៊ី! ខ្ញុំរឺតទ្រូងហួសចិត្ត! ចុះអ្នកទិញហ្នឹង ក៏ល្ងង់ចង់ហូបតែរបស់ដាក់គីមីហ្នឹងហី! សុំទោសនិយាយខ្លាំងបន្តិចហើយ ព្រោះនឹកខឹង នឹងអ្នកចង់បានលុយដោយមិនគិតដល់សុខភាព អ្នកប្រើប្រាស់។ ដោយខ្ញុំទើបចេះពីវិធីបណ្ដុះសណ្ដែក ខ្ញុំនឹកចង់ចែករម្លែកវិធីធ្វើ ដើម្បីអោយញាតិមិត្តយើង អាចបានហូបសណ្ដែកបណ្ដុះដែលអត់គីមីដូចខ្ញុំដែរ។ បើអ្នកលក់នៅតែដាក់ ហើយគ្មានស្ថាប័នពាក់ព័ន្ធណាគិតពីសុខភាពយើងទេ យើងត្រូវប្រឹងនិងចេះប្រុងប្រយ័ត្នដោយខ្លួនយើង។
សូមជូនពីវិធីធ្វើ៖
1.រៀបចានដែកមួយ ដាក់ស្បៃមុងទ្រាប់ ដាក់គ្រាប់សណ្ដែកខៀវ គ្រប់ស្បៃមុងមួយជាន់ទៀត រួចយកកៅស៊ូ រឹតចងអោយជាប់។
2. ចាក់ទឹកត្រាំសណ្ដែកទុកមួយយប់
3. ព្រឹកឡើង ចាក់ទឹកដែលត្រាំនោះចេញ ចាក់ទឹកថ្មីចូល រួចសម្រិតចេញទៀត អោយសល់តែទឹកប៉ិកៗ នៅនឹងស្បៃមុងនោះបានហើយ (នេះគេហៅថា អោយទឹកសណ្ដែក)
4. ល្ងាចឡើង អោយទឹកទៀត រួចសម្រិតចេញទៀត
5. បន្តអោយទឹក មួយថ្ងៃ២ដង គឺព្រឹកម្ដង និងល្ងាចម្ដង អោយបាន២ ឬ៣ យប់ តាមចិត្តយើងចង់បានទំហំ សណ្ដែកបណ្ដុះ។
តាមបទពិសោធន៍ខ្ញុំ ប្រើពេល៤យប់រាប់ ទាំងយប់ ដែលយើងត្រាំសណ្ដែកផង សណ្ដែកវែងល្មមហូបបាន។

No comments:
Post a Comment