តើមានកត្តាអ្វីខ្លះ ដែលមានទំនាក់ទំនងជិតសិ្នទ្ធទៅនឹងសុខភាពផ្លូវចិត្ត?
កត្តាសង្គមសាស្ត្រ៖
សំដៅដល់សង្គមខ្នាតតូចនិងធំ រួមមានការប្រាស្រ័យទាក់ទងរវាងមនុស្សចាប់ពី២នាក់ឡើងទៅ សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ ដរាបណាបុគ្គលម្នាក់ៗមានទំនាក់ទំនងល្អ ចេះចែករំលែកសេចក្តីសុខឲ្យគ្នាទៅវិញទៅមក ក៏មិនមានទំនាស់ ឬហិង្សាក្នុងគ្រួសារហើយមានការរស់នៅចុះសម្រុងគ្នា ចំណែកឯប្រទេសជាតិ ក៏មិនសូវមានបញ្ហាសោកនាដកម្ម(សង្គ្រាម គ្រោះធម្មជាតិ…) ផ្សេងៗទេនោះ ការប៉ះទង្គិចបញ្ហាផ្លូវចិត្តក៏មិនសូវកើតមានដែរ។
កត្តាគីមីសាស្ត្រ៖
ការប្រើប្រាស់សារធាតុគីមីមួយចំនួន ស្របច្បាប់ និងមិនស្របច្បាប់ ដែលអាចបណ្តាលឲ្យមានការប៉ះទង្គិចដល់សុខភាពខួរក្បាល និងមិនអាចគ្រប់គ្រងស្មារតីបានល្អ ដូចជាការសេពគ្រឿងញៀន អាភៀន ឬការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ជាដើម។
កត្តាចិត្តសាស្ត្រ៖
ប្រសិនបើបុគ្គលម្នាក់ទទួលបានការចិញ្ចឹមបីបាច់ផ្នែកចិត្តសាស្ត្រ ក៏ដូចជាការគាំទ្រផ្លូវចិត្តបានល្អនោះ ពេលដែលចម្រើនវ័យទៅគឺប្រាកដជាមានភាពរឹងមាំ ហើយក៏មិនងាយaប្រឈម ឬទទួលការប៉ះទង្គិចពីកត្តាផ្សេងនោះដែរ។
តើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត មានការប្រឈមទៅនឹងអ្វីខ្លះដែរ?
បុគ្គល៖
ការគេង និងញ៉ាំមិនសូវបាន ជាហេតុនាំឲ្យមានបញ្ហាសុខភាពផ្លូវកាយរ៉ាំរ៉ៃ ហើយជាទូទៅ ក៏លែងចង់បំពេញកិច្ចការងារអ្វី ហើយជាលទ្ធផលក៏ត្រូវបាត់បង់ឱកាស និងចំណូលសេដ្ឋកិច្ច ជួនកាលអាចបង្កជាប្រតិកម្មទាន់ហន់ រួមមានការធ្វើអត្តឃាត ឬធ្វើមនុស្សឃាតទៀតផង។
គ្រួសារ៖
បាត់ចំណូលទ្រទ្រង់ជីវភាពគ្រួសារបាត់បង់សុភមង្គល ព្រមទាំងបង្កើននូវបន្ទុកដល់សមាជិកដទៃ។
សង្គម៖
បញ្ហាអសន្តិសុខ ដូចជា ការប្រើប្រាស់គ្រឿងញៀន ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ។ល។
តើការគិត និងសុខភាពផ្លូវចិត្តមានទំនាក់ទំនងយ៉ាងដូចម្តេចខ្លះ?
មនុស្សភាគច្រើនបានយល់ច្រឡំថា ផ្លូវចិត្ត គឺពាក់ព័ន្ធនឹងបេះដូង តែតាមការពិត វាមានទំនាក់ទំនងជិតស្និទ្ធជាមួយខួរក្បាល (ប្រព័ន្ធប្រសាទកណ្តាល)។ ហេតុនេះហើយ ពេលខួរក្បាលមានបញ្ហា ការគិតក៏នឹងមានបញ្ហាដែរ ហើយផ្លូវចិត្តក៏មានការប៉ះទង្គិចផងដែរ។ រីឯអារម្មណ៍វិញ វាក៏មានឥទ្ធិពលលើខួរក្បាលផងដែរ។
តើផលវិបាកនៃការគិតច្រើន រួមមានអ្វីខ្លះ?
វាអាស្រ័យទៅលើបែបផែននៃការគិត បើសិនជាបុគ្គលម្នាក់មានស្មារតីល្អ ចេះគិតបានត្រូវ គិតបែបវិជ្ជមាននោះ វាក៏មិនមានផលវិបាកអ្វីដែរ។ផ្ទុយទៅវិញ បើម្នាក់នោះគិតច្រើនហើយផ្តោតតែលើភាពអវិជ្ជមាននោះ ផលវិបាកនឹងកើតមានច្រើន ដែលអាចជាបញ្ហាផ្លូវចិត្ត ហើយនាំឲ្យមានផលប៉ះពាល់ដូចដែលបានរៀបរាប់ខាងលើ។
តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែម អំពីការថែទាំសុខភាពផ្លូវចិត្តឬទេ?
ត្រូវចាំថា«សុខភាពបរិបូរពេញលេញ គឺសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ព្រមគ្នាតែម្តង» ហើយត្រូវតែចេះទទួលស្គាល់ និងលើកទឹកចិត្តខ្លួនឯងមានមោទនភាពជាមួយនឹងអ្វីដែលខ្លួនឯងមាន។ រាល់ពេលមានបញ្ហាផ្លូវចិត្ត ដំបូងត្រូវចេះជួយខ្លួនឯងក្នុងការគ្រប់គ្រងភាពតានតឹងក្នុងចិត្ត តាមរយៈការអប់រំសុខភាពផ្លូវចិត្ត ដូចជាការធ្វើសមាធិ ឬស្តាប់ព្រះធម៌តាមបែបព្រះពុទ្ធសាសនា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរចេះប្រើប្រាស់ពេលវេលាដោយបែងចែកពេលវេលាសម្រាកកាយចិត្ត ដោយការធ្វើលំហាត់កីឡា ឬដើរកម្សាន្ត។ ក្នុងករណីមិនអាចជួយខ្លួនឯងបាន អ្នកក៏ត្រូវទទួលជំនួយពីគ្រូពេទ្យជំនាញឯកទេសផ្លូវចិត្ត តាមរយៈការពិគ្រោះ និងព្យាបាលតាមបែបចិត្តសាស្ត្រ ដែលរួមមានទាំងសេវារដ្ឋ និងឯកជន។


No comments:
Post a Comment