១.ការរៀបចំដី និងការសាបគ្រាប់
មុនដាំ យើងត្រូវរៀបថ្នាលសាបកូនលើផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើថ្នាល យើងត្រូវជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី កប់ចូលក្នុងថ្នាល ។ យើងត្រូវយកគ្រាប់ពូជទិញពីផ្សារចំនួន ១ ខាំ ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល ។ ក្រោយពីសាប យើងត្រូវកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ។
២.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន
យើងត្រូវភ្ជួរ រាស់ដីឲ្យម៉ដ្ឋល្មម រួចកាប់រណ្តៅដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ។ នៅក្នុងរណ្តៅនីមួយៗ យើងត្រូវប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ។ មុននឹងដកស្ទូង យើងត្រូវស្រោចទឹកឲ្យជោគនៅលើថ្នាលដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស ។ ក្នុង ១ រណ្តៅ គាត់ដាំកូនម្ទេស ១ ដើម ដោយជ្រើសរើសតែដើមថ្លោសល្អ ។ ក្រោយពីដាំកូនហើយ យើងត្រូវកាត់ចំបើងធ្វើគម្រប រួចស្រោចទឹកឲ្យជោគ ។
៣.ការថែទាំ
ក្រោយពី ស្ទូងហើយ យើងត្រូវស្រោចទឹក ១ ថ្ងៃ ២ ដង ។ ក្រោយពីកូនម្ទេសដុះរឹងប៉ឹង ស្មៅចាប់ផ្តើមដុះ យើងត្រូវធ្វើការជ្រុំដីដកស្មៅ ដើម្បីបំផុសដីឲ្យមានខ្យល់ចេញចូល ទឹកជ្រាបបានល្អ ។ ក្នុងការដាំម្ទេសនេះ យើងត្រូវជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ ធ្វើឲ្យត្រួយរួញស្លឹក យើងត្រូវបានកំចាត់វាដោយរោយផេះនៅតាមគល់ ។ នៅពេលម្ទេសជិតចេញផ្កា យើងត្រូវដាក់ជីកំប៉ុស្តិកប់ចូលដីនៅក្បែរគល់ ។ ការគ្របគល់ធ្វើស្មៅ និងស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ ។
៤.ការប្រមូលផល
ក្រោយពី ដាំបានរយៈពេល ៤ ខែ យើងចាប់ប្រមូលផល ដោយបេះតែផ្លែទុំល្អ ឬក្រហមព្រឿងៗ ។ ការបេះផ្លែធ្វើឡើងរយៈពេល ១ អាទិត្យម្តង ។ យើងបេះផ្លែម្ទេសម្តងបាន ២០ គីឡូក្រាម លើផ្ទៃដី ១០ អារ ។ ក្នុងមួយខួបជីវិត យើងបេះបានប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម ។ តំលៃដែល យើងលក់បានប្រែប្រួលពី ៤០០០-៥០០០ រៀលក្នុង១ គីឡូក្រាម ។ ក្នុងការដាំម្ទេសនេះ យើងចំណាយតែលើការទិញពូជតែម្តងប៉ុណ្ណោះ ការដាំក្រោយៗទៀត យើងរក្សាទុកពូជដោយខ្លួនឯង ។
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន ៖
រៀបចំថ្នាលបណ្តុះគ្រាប់ម្ទេសដោយ ប្រើជីលាមកសត្វពុកផុយ
ត្រាំគ្រាប់ម្ទេសជាមួយទឹកក្តៅឧណ្ហៗ រួចយកទៅសាបនៅថ្នាល
កាប់រណ្តៅដាំដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ដោយប្រើជីលាមកគោដាក់ទ្រាប់បាតរណ្តៅ
ដកកូនម្ទេសដែលមានកំពស់ ១ តឹក និងមានដើមរឹងមាំ ឬ ដើមថ្លោសយកមកដាំថែទាំស្រោចទឹក និងជ្រុំបំផុសដី ដកស្មៅចោល
កំចាត់ស្រមោចរោមត្រួយដោយប្រើផេះចង្ក្រានបាចគល់ម្ទេស
ដាក់ជីកំប៉ុស្តិបំប៉ន គ្របគល់ស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ៕



No comments:
Post a Comment