Monday, July 27, 2020

តើត្រីឆ្លាម មានចំណុចពិសេសអ្វីដែលអ្នកគួររៀនសូត្រតាម ?




ជាការពិតទៅ សត្វនីមួយៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ហើយចំណុចពិសេសរបស់ពួកវា គឺជាមេរៀនដ៏ល្អមួយដែលគួរតែរៀនសូត្រតាម ក៏ប៉ុន្ដែមនុស្សភាគច្រើនបែរជាមើលរំលង។ ជាក់ស្ដែង ត្រីឆ្លាម ក៏មិនខុសពីគ្នា​វាក៏មានលក្ខណៈពិសេសដែលអាចបង្រៀនដល់មនុស្ស។ ត្រីឆ្លាម ជាសត្វដែលមានភាពឆ្លាតវាងវៃ ធ្មេញមុតស្រួច និងពូកែស្រង់ក្លិន វាត្រូវបានគេចាត់ទុកថា ជាសត្វដែលពូកែប្រមាញ់មួយក្នុងដែនសមុទ្រ និងមិនងាយឲ្យចំណីរបូតចេញពីវាឡើយ។ ខាងក្រោមនេះជាមេរៀន ៣ យ៉ាង ដែលអ្នកអាចរៀនសូត្រពីត្រីឆ្លាម៖
១. មិននៅស្ងៀមមួយកន្លែង
ចំពោះប្រភេទសត្វក្នុងទឹកទំហំធំដូចជាត្រី ឆ្លាម វាមិនដែលនៅមួយកន្លែងនោះទេ វាត្រូវមានចលនាជានិច្ច ដើម្បីដកដង្ហើមបានស្រួល បើមិនដូច្នេះវានឹងងាប់ជាមិនខាន។ នៅក្នុងជីវិតជាក់ស្ដែងរបស់មនុស្សម្នាក់ៗ ក៏មិនខុសពីគ្នាដែរ ប្រសិនបើអ្នកចង់ឲ្យឆាកជីវិតរបស់ខ្លួនទទួលបាននូវបទពិសោធ និងគំនិតដែលថ្មីៗ អ្នកមិនអាចនៅទ្រឹងមួយកន្លែងនោះឡើយ អ្នកត្រូវឈានជើងដើរចេញទៅមើលពិភពលោកខាងក្រៅឲ្យបានច្រើន។ ជាងនេះទៅទៀត សម័យនេះ ជាសម័យដែលមានការប្រកួតប្រជែងខ្លាំង បើនិយាយឲ្យចំគឺដណ្ដើមគ្នារស់ ប្រសិនបើអ្នកមិនខ្លាំង និងគ្មានចំណេះដឹង ឬចំណុចពិសេសណាមួយដែលអាចយកទៅប្រើប្រាស់ក្នុងការងារ ដើម្បីប្ដូរយកប្រាក់ នោះអ្នកនឹងស្លាប់ជាមិនខាន។ បែបនេះហើយ អ្នកមិនគួរនៅស្ងៀមមួយកន្លែងឡើយ អ្នកត្រូវបញ្ចេញសកម្មភាពហើយប្រឹងប្រែងក្រេបយកនូវចំណេះ ដើម្បីយកមកអភិវឌ្ឍន៍ខ្លួន ដើម្បីជាស្ពានជួយអ្នកឲ្យដើរទៅដល់គោលដៅ រឺក្ដីប្រាថ្នាដែលអ្នកចង់សម្រេច។
២. មិនដែលខកខានចាប់យកឱកាសដែលមាននៅចំពោះមុខ
ត្រីឆ្លាម ជាសត្វមួយដែលពូកែស្រង់ក្លិន វាអាចធំក្លិនចំណី និងឈាមដែលនៅចំងាយឆ្ងាយពីវាដល់ទៅរាប់គីឡូម៉ែត្រ។ ណាមួយ វាមិនដែលឲ្យចំណីរបស់វារួចផុតទៅដោយស្រួលៗ ឡើយ ពោលគឺឲ្យតែមានឱកាស វាប្រមាញ់មិនប្រណីតែម្ដង។ ត្រង់ចំណុចនេះ អ្នកកាន់តែត្រូវរៀនសូត្រពីសត្វដ៏វាងវៃក្នុងទឹកមួយនេះ អ្នកត្រូវចេះចាប់ឱកាសល្អៗ ដែលមាននៅចំពោះមុខ ឱកាសណាដែលជួយអ្នកសិក្សារៀនសូត្របានច្រើន ហើយអាចជួយពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ អ្នកគប្បីចេះឆក់វាយកទុក។ ម្យ៉ាងទៀត ឱកាសល្អៗ មិនមែនចេះតែមាននោះទេ បើអ្នកបណ្ដែតបណ្តោយឲ្យវាកន្លងផុតទៅនោះ បើចង់ស្ដាយក្រោយក៏ហួសពេលដែរ។
៣. មានជំនាញក្នុងខ្លួនពិតប្រាកដមួយ
មិនត្រឹមជាសត្វដែលមានញាណពិសេសនៅច្រមុះ វាក៏មានធ្មេញមុតស្រួចខ្លាំង ថែមទាំងអាចហែលទឹកបានក្នុងល្បឿនយ៉ាងលឿន ហើយប្រើពេលខ្លីបំផុតក្នុងការហែលតម្រង់ទៅរកចំណីរបស់ខ្លួន អញ្ចឹងហើយទើបធ្វើឲ្យវាក្លាយជាសត្វដែលមានជំនាញខ្លាំង និងពូកែលើសគេនៅក្នុងសមុទ្រ។ នេះហើយជាលក្ខណៈពិសេសមួយទៀត ដែលយើងមិនគួរមើលរំលងពីសត្វនេះ អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវរៀនឲ្យចេះនូវជំនាញណាមួយឲ្យច្បាស់លាស់ កុំនឹកឃើញចង់រៀនអ្វី ក៏រៀន ណាមួយ អ្នកមិនគួរស្រវាចាប់នេះ ចាប់នោះក្នុងពេលតែមួយឡើយ ព្រោះចុងក្រោយ អ្នកនឹងមិនចេះអ្វីជាក់ច្បាស់សូម្បីតែមួយ។ មែនទែនទៅ នៅពេលដែលអ្នកចេះអ្វីមួយពិតប្រាកដ មិនខ្វះឡើយក្រុមហ៊ុនដែលចង់បានអ្នកទៅធ្វើការ ហេតុដូច្នេះ អ្នកត្រូវ ហាត់ពុត លុតដំខ្លួន ឲ្យចេះចាំស្ទាត់ និងសំលៀងខ្លួនឲ្យមុតស្រួចដូចកាំបិត ទៅលើជំនាញអ្វីមួយទើបជាការប្រសើរ៕

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...