ប្រវត្តិសត្វដំរី ដែលខ្ញុំនឹងពណ៌នាជារឿងរ៉ាវ ជូនអស់លោក-អ្នកស្តាប់ ដូចមានតទៅនេះ ជាការពិតមែនឬពុំពិតនោះ ខ្ញុំពុំអាចនឹងរ៉ាប់រងបានទេ ព្រោះជារឿងគ្មានគោលចារិកគ្មានសមុដ្ឋាននៃប្រវត្តិហេតុដ៏សមគួរ នឹងលើកយកមកជាបន្ទាល់, តែខ្ញុំនឹងអត់ទ្រាំមិនតែងរឿងនេះ ឡើងពុំបាន ព្រោះជាអ្នករក្សាដំរីច្រើនមានសេចក្ដីយល់ផ្សេងៗគ្នា ហេតុនេះ បានជាខ្ញុំខំតែងរឿងនេះឡើង ដើម្បីជាគោលនៃពួកសត្វសាស្រ្តនិងវិនិច្ឆ័យតទៅ ។
ដំរីជាពួកសត្វព្រៃមានរូបរាងធំបំផុត ក្នុងពពួកសត្វចតុប្បាទ ។ ដំរីនេះ ក្នុងគម្ពីរសារសង្គហៈលោកកំណត់ទុក១០ ត្រកូល មានត្រកូលឆន្ទន្តនឹងត្រកូលឯរាវ័ណ្ណជាដើម, ក្នុងពពួកដំរីទាំង ១០ ត្រកូលនោះ ខ្មែរយើងចែកចេញជា២ពួក គឺមួយពួកហៅ ដំរីភ្នំ បានដល់ពួកដំរីដែលកើតនៅនាទីភ្នំ មួយពួកទៀតហៅ ដំរីរនាម គឺដំរីដែលកើតនៅក្នុងព្រះនាម ។ ដំរីទាំងពីរពួកនេះ មានទ្រង់ទ្រាយខុសគ្នា មិនច្រឡំគ្នាទេ គឺដំរីភ្នំមានសណ្ឋានខ្ពស់មុខក្បាលងើប ដំរីរនាម មានសណ្ឋានទាមមុខក្បាលឳនកម្លាំងពលំក៏ខុសគ្នាដែរ គឺដំរីភ្នំមានកម្លាំងខ្លាំងជាងដំរីរនាម ហើយមានអាយុវែងជាងផង, ឯដំរីរនាមច្រើនខ្សោយមានអាយុខ្លីជាងដំរីភ្នំ ។
ការដែលនឹងពណ៌នាអំពីប្រវត្តិដំរីនេះ ខ្ញុំនឹងពណ៌នាតាមរឿងនៃបុរសម្នាក់ ដែលវិលពីកំណើតដំរីមកចាប់ជាតិជាមនុស្ស ហើយដឹងជាតិរបស់ខ្លួនកាលកើតជាដំរី បុរសនោះអួតថាកាលខ្លួននៅជាកុមារអាចចាំទាំងភាសាដំរីបានផង ។











































